ចាប់ខ្លួនលោក.ស្មៀនសង្កាត់តាខ្មៅ ករណីស៊ីដាច់ប្រាក់ឧបត្ថម្ដកូវីដ-១៩ ជាង៦០លានរៀល!
(កណ្ដាល)៖ លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ពាក់ព័ន្ធស៊ីដាច់ប្រាក់ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិង ជំងឺកូវីដ-១៩ រហូតដល់ជាង៦០លានរៀល។
ព័ត៌មានច្បាស់ការណ៍ បានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថាៈ ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ ។
បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំ ដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ដែលប្រព្រឹត្ត នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតឈានដល់ចាប់ខ្លួនស្មៀនសង្កាត់ នៅវេលាម៉ោងខាងលើ។
លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានថ្លែងថាៈ លោកមិនបានដឹងរឿងគេចាប់ស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា នោះទេ បើចង់ដឹងទៅសួរខាងខេត្ត ខាងក្រុងទៅ។
បើតាមប្រភពពីមន្ត្រីសង្កាត់តាខ្មៅបានប្រាប់អោយដឹងថាៈ ពិតជាមានករណីចាប់ខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ប្រាកដមែន ។
ក្រោយពីមានក្រុមចម្រុះរបស់ក្រសួងសង្គមកិច្ច តំណាងសាលាខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកអភិបាលក្រុងតាខ្មៅ។
ចុះមក និងបានឃើញលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ យកលុយជាង៦១លានរៀល មកតម្កល់ឲ្យខាងក្រសួងសង្គមកិច្ច។
ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ឲ្យច្បាស់ការណ៍ពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅ នៅឡើយនោះទេ៕