រថយន្តបែនដឹកខ្សាច់ធុនធំ បើកបុកកិនម៉ូតូ Nex អូសជាប់ខាងក្រោមរថយន្តប្រមាណ ២០ ម៉ែត្រទើបឈប់ ហើយតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល.!

រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់ធុនធំ បេីកបុកកិនម៉ូតូ Nex អូសជាប់ក្រោមរថយន្ត ប្រហែល២០ម៉ែត្រ ទេីបឈប់ហេីយតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល រីឯម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសរលាត់ដៃជើង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ នៅចំណុចមុខ WB ARENA ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស មិនមានផ្លាកលេខ បេីកដឹកខ្សាច់ពេញលេីរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិច (Suzuki Nex) ពាក់ផ្លាកលេខកណ្ដាល 1AA-5835 បានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវបានរថយន្តដឹកខ្សាច់ខាងលើ បេីកបុកបណ្ដាលឲ្យបុរសម្ចាស់ម៉ូតូខ្ទាតរមៀលនៅនឹងថ្នល់រងរបួសរលាត់ដៃជេីង ហេីយរថយន្តបានបន្តកិនអូសម៉ូតូជាប់ក្រោមរថយន្តប្រមាណ២០ម៉ែត្រ ទេីបឈប់ ហើយតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយអន្តរាគមន៍ និងពិនិត្យមេីលនៅកន្លែងកេីតហេតុ ។
បច្ចុប្បន្ន ក្រោយពេលកេីតហេតុ សាច់ញាតិបងប្អូនភាគីខាងម៉ូតូបានមកដឹកបុរសម្ចាស់ម៉ូតូយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ និងបានដោះស្រាយជាមួយភាគីខាងតំណាងរថយន្តដឹកខ្សាច់ ។
មួយសន្ទុះក្រោយមក ភាគីខាងតំណាងរថយន្តដឹកខ្សាច់ បានសងសំណងទៅកាន់ខាងម៉ូតូ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង ៕