ប្រធានរដ្ឋសភាថៃ សរសើរការដឹកនាំរបស់សម្តេចតេជោ និងជឿជាក់សម្តេចធិបតី ធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន
ប្រធានរដ្ឋសភាថៃ សរសើរការដឹកនាំរបស់សម្តេចតេជោ និងជឿជាក់សម្តេចធិបតី ធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន
ចេញផ្សាយ ថ្ងៃទី22 ខែមីនា ឆ្នាំ2024 21
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំកម្ពុជាចេញពីភ្លើងសង្គ្រាម និងកសាងឱ្យមានការរីកចម្រើននឹកស្មានមិនដល់។ មិនត្រឹមតែសរសើរដល់ការដឹកនាំរបស់សម្តេចតេជោប៉ុណ្ណោះទេ ប្រធានរដ្ឋសភាថៃ ក៏បានបង្ហាញការជឿជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តស្មារតីនៃការអភិវឌ្ឍ ហើយនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងជាបន្តទៀត។
លោក វ៉ាន់មូហាម៉ាត់ ណ មៈថា បានថ្លែងបែបនេះ ក្នុងពេលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារមួយចំនួនជាមួួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។
លោក វ៉ាន់មូហាម៉ាត់ ណ មៈថា កំពុងដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ បំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបជាមួយសម្តេចធិបតី លោកប្រធានរដ្ឋសភាថៃ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកក៏បានថ្លែងអំណរគុណព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូយ៉ាងល្អ និងយ៉ាងកក់ក្តៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនេះ។
នៅចំពោះមុខសម្តេចធិបតី, ប្រធានរដ្ឋសភាថៃ បានសម្តែងការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា។
ប្រធានរដ្ឋសភាថៃ ក៏បានបង្ហាញការជឿជាក់ដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។
ប្រធានរដ្ឋសភា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកនាពេលខាងមុខ។ ព្រមជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានជម្រាបសម្តេចធិបតីថា រដ្ឋសភាថៃ នឹងបន្តចូលរួមចំណែក និងគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចនាពេលនេះ នឹងចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។
សម្តេចធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ថែទាំពលករខ្មែរដែលកំពុងបំពេញការងារនៅថៃ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ លើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រឡប់ទៅប្រទេសថៃវិញ។