ចិន បានស្រែកប្រមាន សហរដ្ឋអាមេរិក ក្តែងៗ ខណៈលោកស្រី Nancy Pelosi ប្ដេជ្ញាចិត្ត.នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ អោយខានតែបាន.!
អន្តរជាតិ៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីរបស់គាត់ ទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ខណៈកោះតៃវ៉ាន់ ក៏អាចស្ថិតនៅក្នុងបញ្ជីនោះផងដែរ។
ដំណឹងមួយនេះ បានធ្វើឱ្យទីក្រុងប៉េកាំងមានប្រតិកម្មយ៉ាងខ្លាំង ដោយប្រទេសចិនបាននិយាយថា វាអាចនឹងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។
វាក៏មិនទាន់មានការប្រកាសជាផ្លូវការអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់នោះដែរ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងមកដល់ទីក្រុងតៃប៉ិនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
ពួកគេនិយាយថា លោកស្រី Pelosi នឹងទៅជួបជាមួយប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នៅថ្ងៃពុធ ប៉ុន្តែវាមិនច្បាស់ទេថា តើលោកស្រី Pelosi នឹងអាចមកដល់តៃវ៉ាន់តាមការគ្រោងទុក ឬក៏អត់នោះទេ ដោយសារមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន។
ជាក់ស្ដែង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា៖«វានឹងជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន» និង «ធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរ»។
លោក Zhao បានបន្ថែមថា៖«ប្រសិនបើប្រធានសភា លោកស្រី Pelosi ទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។ លោកបន្ថែមថា៖«កងទ័ពរំដោះប្រជាជនចិន នឹងមិនអង្គុយនៅស្ងៀមឡើយ»៕